ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី គឺជាកិច្ចការអាទិភាពមួយ ដើម្បីឈានទៅសម្រេច សមភាពយេនឌ័រនិងសិទ្ធិស្ត្រី ដែលក្នុងនោះ ក៏បានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្នុងក្របខ័ណ្ឌគោលនយោបាយនិងកម្មវិធីតាមវិស័យផងដែរ។ អភិក្រមគន្លឹះៗ ដើម្បីពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី គឺការគាំទ្រនិងដាក់ចេញនូវវិធានការនានា សំដៅធានាថា សិទ្ធិ និងឱកាសស្មើភាព ក្នុងការទទួលបានការអប់រំនិងជំនាញ មុខរបរនិងការងារ និងសហគ្រិនភាព។
ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី មានគោលដៅ មិនត្រឹមតែជាការគាំទ្រដល់ស្រ្តីនិងក្មេង ស្រី ឱ្យទទួលបាននិងអនុវត្តបានពេញលេញនូវសិទ្ធិ ជម្រើស និងសក្តានុពលរបស់ខ្លួនប៉ុណ្ណោះទេ ហើយក៏ជា ផ្នែកដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចអភិវឌ្ឍសង្គម ប្រកបដោយបរិយាបន្ន និងចីរភាព។ ការណ៍នេះ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីត្រូវធ្វើឡើងឱ្យស្របនិងឆ្លើយតបនឹងក្របខ័ណ្ឌន សេដ្ឋកិច្ចជាតិ និងការវិវត្តនានារបស់សង្គម ហើយចាំបាច់ត្រូវវិភាគឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្ត ភាពនានាដែលកើតចេញពីគម្លាតយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងបរិការណ៍ទាំងនេះ។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី នឹងបន្តដឹកនាំ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងដៃគូ ពាក់ព័ន្ធ រួមទាំងវិស័យឯកជន នៅក្នុងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី រួមទាំងការលើកកម្ពស់ សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រី ការអភិវឌ្ឍសហគ្រិនភាព ការដោះស្រាយគម្លាតយេនឌ័រក្នុងការចាប់យកជំនាញ និងមុខរបរ និងការលើកកម្ពស់កម្មវិធីសេដ្ឋកិច្ចដែលគិតគូរសុខុមាលភាព។
ក្នុងបរិការណ៍នេះ នារីរតនៈទី ៦ ផ្តោតលើអាទិភាព និងវិធានការគន្លឹះ ដូចខាងក្រោម៖
១. ពង្រីកបរិយាកាសគាំទ្រ និងការវិនិយោគប្រកបដោយបរិយាបន្ន ដើម្បីបង្កើនភាពអង់អាចផ្នែក
សេដ្ឋកិច្ចរបស់ស្ត្រី។
២. ការអភិវឌ្ឍសហគ្រិនភាពស្ត្រី
និងគាំទ្រដល់ស្ត្រីដែលដឹកនាំនិងគ្រប់គ្រងអាជីវកម្មខ្នាតមីក្រូ តូច
និងមធ្យម ប្រកបដោយនវានុវត្តន៍ ច្នៃប្រឌិត និងបរិយាបន្ន។
៣. ពង្រីកបរិយាកាសសម្រាប់ស្ត្រី តាមរយៈការដោះស្រាយគម្លាតយេនឌ័រក្នុងជំនាញ និងមុខរបរ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈដូនតា និងជំនាញផ្សេងៗដល់ស្រ្តី ស្របតាមតម្រូវការទីផ្សារនិង ការវិវត្តរបស់សង្គម។
៤. លើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព កម្មវិធីតុល្យភាពជីវិត គ្រួសារ និងការងារ និង បរិយាកាសមេត្រីភាពនៅកន្លែងការងារសម្រាប់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ច។
៥. លើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រីនៅតាមសហគមន៍ តាមរយៈការទទួលបានបច្ចេកវិទ្យា
ឌីជីថល ការអភិវឌ្ឍអាជីវកម្ម និងបរិយាបន្នហិរញ្ញវត្ថុ។