ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិស្មើគ្នាតាមច្បាប់ ជាពិសេសស្រ្តីនិងក្មេងស្រីទទួលបានសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងអាចចូលរួមយ៉ាងពេញលេញ នៅក្នុងកិច្ចការសង្គម មានភាពអង់អាចនិងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយស្មើភាពគ្នាជាមួយបុរសនិងក្មេងប្រុស ដើម្បីធានាបាននូវភាពម្ចាស់ការលើខ្លួនឯង និងមានសុខុមាលភាពពេញលេញក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។

ក្រសួងកិច្ចការនារី មានបេសកកម្មក្នុងការដឹកនាំភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងដំណើរឆ្ពោះទៅសម្រេចសមភាពយេនឌ័រ និងលុបបំបាត់រាល់ទម្រង់នៃការរើសអើសលើស្រ្តីនិងក្មេងស្រីគ្រប់រូបភាព នៅក្នុងសង្គមតាមរយៈ៖

  1. ការបញ្ជ្រាបយេនឌ័រទៅក្នុងដំណើរការតាក់តែង និងអនុវត្តច្បាប់ គោលនយោបាយ កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តជាតិ និងកម្មវិធីតាមវិស័យ
  2. ការដឹកនាំកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំអនុវត្ត និងពិនិត្យតាមដានការអនុវត្តកម្មវិធីនិងវិធានការគោលនយោបាយជាក់លាក់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប
  3. ការពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងការអនុវត្តមុខងាររបស់យន្តការ និងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការជំរុញការបញ្រ្ជាបយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្រ្តី
  4. ការជំរុញនិងលើកទឹកចិត្តក្នុងការអនុវត្តវិធានការជាក់លាក់និងគំនិតផ្តួចផ្តើមនានាសំដៅលើកកម្ពស់សមធម៌យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងអភិបាលកិច្ចល្អ
  5. ពង្រីកកម្មវិធីសិក្សាស្រាវជ្រាវ អំពីផលប៉ះពាល់យេនឌ័រតាមវិស័យ និងក្រុមគោលដៅដែលឆ្លើយតបបរិយាបន្ន និងស្របតាមបរិបទថ្មីៗរបស់សង្គម ដើម្បីស្វែងរកលទ្ធភាព និងវិធានការឆ្លើយតប។