គម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ត្រូវបានរំពឹងថា នឹងអាចរួមចំណែកធ្វើឲ្យតំណាងរបស់ស្ត្រីកម្ពុជាក្នុងវិស័យនយោបាយមានការកើនឡើង ហើយស្ត្រីវ័យក្មេងកម្ពុជានឹងចូលរួមក្នុងសកម្មភាពនៃដំណើរការបោះឆ្នោតខាងមុខច្រើនជាងមុន។ ភ្នំពេញ — ការរើសអើងស្ត្រីក្នុងវិស័យនយោបាយ ការដាក់ឲ្យស្រ្តីឈរឈ្មោះជាបេក្ខភាពបោះឆ្នោតនៅលេខរៀងក្រោយគេ និងកង្វះការផ្សព្វផ្សាយព័ត៌មានជុំវិញភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាកត្តាសំខាន់ៗដែលធ្វើឲ្យចំនួនតំណាងស្ត្រីកម្ពុជាក្នុងវិស័យនយោបាយនៅតែមានចំនួនតិចតួច។ កង្វះចំនួនស្រ្តីក្នុងវិស័យនយោបាយ បានធ្វើឲ្យគោលនយោបាយជាតិកម្ពុជា មិនទាន់អាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រីកម្ពុជាបាន។ បើទោះជាស្ត្រីនៅកម្ពុជាមាន៥២% នៃចំនួនប្រជាជនសរុបក្តី ប៉ុន្តែចំនួនស្ត្រីដែលមានតួនាទីក្នុងកិច្ចការនយោបាយ និងធ្វើសេចក្តីសម្រេចចិត្តទៅលើបញ្ហាសំខាន់ៗក្នុងសង្គមនៅតែមានចំនួនតិចតួចនៅឡើយ។ ការរើសអើងលើស្ត្រីក្នុងវិស័យនយោបាយ ការមិនឲ្យតម្លៃស្ត្រីជាបេក្ខនារីក្នុងការដណ្តើមយកសំឡេងឆ្នោត និងកង្វះការផ្សព្វផ្សាយព័ត៌មានជុំវិញភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាឧបសគ្គរាំងស្ទះចម្បងៗដែលមិនអនុញ្ញាតឲ្យស្ត្រីក្លាយជាតំណាងស្ត្រីក្នុងវិស័យនយោបាយ។ នេះបើយោងតាមកិច្ចពិភាក្សាមួយក្នុងកម្មវិធីប្រកាសបើកការអនុវត្តគម្រោងស្ត្រីក្នុងវិស័យនយោបាយ នាថ្ងៃពុធនេះ ស្របពេលដែលការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨កាន់តែខិតជិតមកដល់។ គម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ត្រូវបានរំពឹងថា នឹងអាចរួមចំណែកធ្វើឲ្យតំណាងរបស់ស្ត្រីកម្ពុជាក្នុងវិស័យនយោបាយមានការកើនឡើង ហើយស្ត្រីវ័យក្មេងកម្ពុជានឹងចូលរួមក្នុងសកម្មភាពនៃដំណើរការបោះឆ្នោតខាងមុខច្រើនជាងមុន។ ថ្លែងនៅក្នុងកម្មវិធីបើកការអនុវត្តគម្រោងនេះ លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ចំនួនស្ត្រីកម្ពុជាចូលរួមក្នុងនយោបាយ កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ាន។ លោកស្រីលើកឡើងពីមូលហេតុ ដែលស្រ្តីគប្បីចូលរួមនយោបាយឲ្យកាន់តែច្រើន។ លោកស្រីរដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ស្ត្រីក៏ចង់បានស្រ្តីជាសំឡេងខ្លួនដែរ លើកបញ្ហារបស់ខ្លួនឯង ដែលកន្លងមកស្ត្រីឃើញថា អ្នកដែលធ្វើនយោបាយ លោកមិនបានលើកបញ្ហាខ្លួនឲ្យពិតជាក់ស្តែង ដោយសារលោកមិនបានជួបបញ្ហាហ្នឹងដោយខ្លួនគាត់។ ទី២ ស្ត្រីដឹកនាំជីវិតខ្លួនខុសពីបុរស។ យើងពាក់ព័ន្ធលើរឿងសង្គមកិច្ចច្រើន។ ទី៣ តាមរដ្ឋធម្មនុញ្ញចែងថា តាំងពីកំណើតមក ប្រជាពលរដ្ឋគ្រប់រូបទាំងបុរស និងស្ត្រីមានសិទ្ធិស្មើគ្នា»។ លោកជំទាវ…