លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការស្តីពីស្រ្តី របស់អាស៊ាន (ASEAN Commission on Women) បានចូលរួមក្នុងសន្និសីទអន្តរជាតិ
កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាប្រចាំគណៈកម្មាធិការស្រ្តី អាស៊ាន (ASEAN Committee on Women) បានចូលរួមក្នុងសន្និសីទអន្តរជាតិតាមរយៈ video conference នៅទីស្តីការក្រសួងកិច្ចការនារី ដើម្បីស្វែងយល់ពីលទ្ធផលអង្កេតស្តីពី “ផលប៉ះពាល់ដល់ស្រ្តីដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេល១០០ថ្ងៃដំបូងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលរៀបចំដោយអង្គការ UNWomen នៅក្នុងប្រទេសចំនួន១៣។ ការអង្កេតនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់លក្ខណៈរហ័សនូវផលប៉ះពាល់បន្ទាន់នៃជំងឺកូវីដ១៩ ទៅលើស្រ្តី និងក្មេងស្រី ដែលអាចយក មកប្រើប្រាស់ក្នុងការរៀបចំជាផែនការកាត់បន្ថយនូវផលប៉ះពាល់ទាំងនេះឲ្យបានទាន់ពេលវេលា។
លទ្ធផលគន្លឹះៗ នៃការរកឃើញជាបឋមនេះ បានបង្ហាញដូចខាងក្រោម៖
១. ស្រ្តី សន្តិភាព និងសន្តិសុខ (Women, Peace and Security): វិធានការនៃការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដោយប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ការបិទប្រទេស ការដាក់ប៉ុស្តិយោធាសម្រាប់ការត្រួតពិនិត្យ ការបិទព្រំដែន ការបិទការធ្វើដំណើរ ប្រៀបបាននឹងដាក់ស្រ្តី និងក្មេងស្រីដែលកំពុងតែមានផលប៉ះពាល់ស្រាប់មួយចំនួន កាន់តែទទួលរងនូវផលប៉ះពាល់បន្ថែមទៀត ដោយសារតែគ្មានលទ្ធភាពក្នុងការស្វែងរកសេវា គាំទ្របានទៅតាមសេចក្តីត្រូវការ។
២. យេនឌ័រ និងការកាត់បន្ថយហានិភ័យរបស់គ្រោះមហន្តរាយ (Gender and disaster risk reduction): ជំងឺកូវីដ១៩ បានបន្ថែមនូវទម្ងន់នៃគ្រោះមហន្តរាយ ទៅលើហានិភ័យដែលកំពុងតែមានស្រាប់ ដូចជាភាពពុលបរិយាកាស គ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ។ល។ ដែលធ្វើឲ្យស្រ្តីកំពុងតែរងគ្រោះដោយអំពើហិង្សាពីដៃគូ កាន់តែទទួលបន្ទុកបន្ថែមទៀតក្នុងការស្វែងរកជំរក ស្បៀង ទឹក ។ល។ មកផ្គត់ផ្គង់ក្នុងគ្រួសារ ដើម្បីទប់ស្កាត់ការឆ្លង ជំងឺកូវីដ១៩ តាមរយៈការលាងដៃ អនាម័យ និងប្រើប្រាស់ក្នុងផ្ទះ។
៣. ពង្រឹងភាពអង់អាចសេដ្ឋកិច្ចរបស់ស្រ្តី (Women’s Economic Empowerment): ស្រ្តីដែលកំពុងតែមានប្រាក់ចំណូលទាប ដូចជាកម្មករ កម្មករចំណាកស្រុក ឬស្រ្តីជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ឬស្រ្តីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម មានការបាត់បង់ប្រាក់ចំណូលខ្លះ ឬទាំងស្រុងបន្ថែមទៀត ពីកូវីដ១៩។ លើសពីនេះទៅទៀត គឺពួកគាត់មិនអាច ឬមានលទ្ធភាពតិចតួចក្នុងការទទួលបាននូវការគាំទ្រថវិកាបន្ថែមទៀត។
៤. អំពើហិង្សាលើស្រ្តី (Addressing Violence Against Women): ដោយសារតែអាទិភាពកំពុងតែផ្តោតលើការប្រយុទ្ធនឹងកូវីដ១៩ សេវាជួយស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារអាចនឹងត្រូវបានកាត់បន្ថយ ទន្ទឹមនឹងនេះវិធានការតម្រូវឲ្យស្រ្តីត្រូវរស់នៅក្នុងផ្ទះ បានដាក់ឲ្យស្រ្តីប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារកាន់តែកើនឡើង។
សូមបញ្ជាក់ការសិក្សាលក្ខណៈរហ័សនេះ បានធ្វើឡើង នៅក្នុងបណ្តាប្រទេសចំនួន ១៣ រួមមាន ប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ថៃ អាប់ហ្គានីស្ថាន ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស ប៉ាប៉ាញូហ្គីណេ ហ្វីលីពីន ទីម័រខាងកើត និងហ្វីជី ។