លោកជំទាវរដ្ឋមន្រ្តី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតជូន អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
លោកជំទាវរដ្ឋមន្រ្តី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតជូន អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨។ អង្គការ UNFPA សហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តោតលើបញ្ហាសំខាន់ៗចំនួន៣ ដូចជា៖ ១)សុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ២)ក្មេងជំទង់និងយុវវ័យ 3)ផ្នែកទិន្នន័យប្រជាសាស្រ្ត។ ក្រសួងកិច្ចការនារីសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNFPA និងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំ ១) ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣ ២)យុទ្ធសាស្រ្តនារីរតនៈទី៥ ៣)ការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង៤)គាំទ្រឱ្យមានការបង្កើតកន្លែងផ្តល់សេវាចម្រុះជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យោងតាមសិ្ថតិរបស់អង្គការសុខភាពពិភពលោក បង្ហាញថានៅក្នុងពិភពលោកស្រ្តីប្រឈមនឹងអំពើហិង្សារហូតដល់ទៅ៣១លាននាក់ក្នុងពេលការរីករាលដាលជំងឺកូវីត១៩។ ការកើនឡើងនៃចំនួនស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងអំឡុងពេលវីរុសកូវីដ១៩ដោយសារ ការរឹតបន្តឹងមិនឱ្យមានការជួបជុំដើម្បីការពារការឆ្លងដែលធ្វើឱ្យកន្លែងធ្វើការមួយចំនួនត្រូវបិទ ឬកាត់បន្ថយម៉ោងធ្វើការ ការរកប្រាក់ចំណូលបានតិចជាងមុន ការភ័យខ្លាចនៃការឆ្លង។ ពិធីប្រគល់សម្ភារៈធ្វើនៅថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។