
យុទ្ធសាស្ត្រទី២ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ
អាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណនៅក្នុងការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការពង្រឹងភាព ជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន (មុំទី៥ បញ្ចកោណ ទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១)។ នៅក្នុងនោះ រាជរដ្ឋាភិបាល នឹងផ្តោតអាទិភាពលើ ការពង្រឹងនិងការបង្កើនកិច្ចសហការ ក្នុងការអប់រំអំពីសីលធម៌ និងសុជីវធម៌ដល់សិស្ស និស្សិត និងយុវជន ទាំងក្នុងនិងក្រៅប្រព័ន្ធអប់រំ រួមទាំងការបន្តលើកកម្ពស់ការគោរពសីលធម៌ តម្លៃស្ត្រី សេចក្តីថ្លៃថ្នូរ ក្នុងគ្រួសារ និងសង្គមខ្មែរ។ ការណ៍នេះ តាមរយៈគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ ខ្មែរ ក្រសួងកិច្ចការនារី នឹងផ្តោតលើការដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងារពហុ វិស័យនេះ និងចូលរួមអប់រំផ្សព្វផ្សាយដល់សាធារណៈជន សំដៅលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ។
នៅក្នុងបរិការណ៍នេះ នារីរតនៈទី ៦ ផ្តោតលើអាទិភាព និងវិធានការគន្លឹះ ដូចខាងក្រោម៖
១. ដឹកនាំ និងសម្របសម្រួលយន្តការអន្តរស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិ ក្នុងលើកកម្ពស់ការ អនុវត្តវិធានការពហុវិស័យ ក្នុងការបង្ការនិងទប់ស្កាត់គ្រប់ទិដ្ឋភាពអវិជ្ជមាន ដើម្បីចូលរួមលើក កម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
២. ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងឆ្លើយតបរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅតាមប្រព័ន្ធអនឡាញ និងតាមបច្ចេកវិទ្យាឌីជីថល។
៣. រៀបចំ និងសម្របសម្រួល ក្នុងការអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយ លើការលើកកម្ពស់សីលធម៌ តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមប្រព័ន្ធទំនើប និងគ្រប់រូបភាព។
៤. លើកកម្ពស់ការអប់រំសុខុមាលភាពនៅក្នុងគ្រួសារ តាមរយៈកម្មវិធីចិញ្ចឹមកូនតាមបែបវិជ្ជមាន និងកម្មវិធីទារកដ្ឋាននៅកន្លែងធ្វើការ តាមគ្រឹះស្ថានសាធារណៈនិងឯកជន ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ។