លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូស្រ្តី ចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណសចក្រកម្ពុជា ក្នុងពិធីអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប »

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពទទួលស្វាគមន៍គណៈប្រតិភូស្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណសចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ថា ទិវាអន្តរជាតិ ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការតស៊ូ និងគំរូវីរភាពរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ឋានៈ តួនាទី និងសេចក្តីថ្លៃថ្នូរ ចៀសផុតពីទង្វើជិះជាន់ កៀបសង្កត់នានាកាលពីអតីតកាល។

សម្តេចមហារដ្ឋសភាធិការធិបតី បានបង្ហាញក្តីសោមនស្សរីករាយ ស្វាគមន៍និងអរគុណចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោកស្រី នាងកញ្ញា និងគណៈប្រតិភូស្រ្តីទាំងអស់ ដែលបានឆ្លៀតឱកាសមកជួបជាមួយរដ្ឋសភា នាពេលនេះ និងថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ពិតជាប្រធានបទមួយដ៏សំខាន់ និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្នទាំងក្នុងក្របខណ្ឌសកល ក៏ដូចជាកម្ពុជាយើង ពីព្រោះប្រធានបទនេះបានគូសបញ្ជាក់ និងរំលេចអំពីតម្លៃរបស់ស្រ្តី អំពីសារៈសំខាន់នៃការទទួលបាន និងការអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ជាពិសេស បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តោតលើអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្តេចមហារដ្ឋសភាធិការធិបតី ក៏បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់រដ្ឋសភា នៅក្នុងការជំរុញ លើកកម្ពស់ សមភាពយេនឌ័រ នៅក្នុងកិច្ចការកសាងច្បាប់ ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ ដែលគិតពីបញ្ហាប្រឈមរបស់ស្ត្រី។ រដ្ឋសភាក៏កំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើន របស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងជំរុញសមាជិកាសភាស្ត្រីចូលរួមយ៉ាងសកម្មក្នុងយន្តការទាំងថ្នាក់ជាតិ និងអន្តរជាតិ។

សម្តេចមហារដ្ឋសភាធិការធិបតី បានសំណូមពរ ដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ សូមបន្តកិច្ចខិតខំប្រឹងប្រែងតទៅទៀត ដោយធ្វើយ៉ាងណាបង្កលក្ខណៈឲ្យក្មេងស្រី និងស្ត្រីទទួលបាននូវឱកាសពេញលេញនៅក្នុងការកសាងសមត្ថភាព ពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង និងជំនាញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។ ចំណែកក្រុមសភាជាតិ នៃអ្នកនយោបាយស្រ្តី ត្រូវបន្តចូលរួមចំណែកឲ្យកាន់តែសកម្មថែមទៀត ដោយសហការជាមួយភាគីពាក់ព័ន្ធ ក្នុងបុព្វហេតុរបស់ស្រ្តី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅការពារ និងលើកកម្ពស់សិទ្ធិរបស់ស្រ្តី និងក្មេងស្រី ក្នុងគ្រប់វិស័យ ។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។

តាងនាមស្រ្តីកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែលការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្រ្តី ហើយការបន្តគាំទ្ររបស់រដ្ឋសភា ចំពោះការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ នៅតែមានសារៈសំខាន់ ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយ ប្រកបដោយសមធម៌ និងបរិយាបន្ន។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *