វិមាន៧មករា រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូនារីចំនួន ២៥០រូប ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។

តាងនាមស្រ្តីកម្ពុជា លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកា សមាជិក នៃព្រឹទ្ធសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែល​​ការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តី។ ការបន្តគាំទ្ររបស់ព្រឹទ្ធសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងគាំទ្រទាំងស្រុង លើប្រធានបទទិវាអន្តរជាតិនារី ឆ្នាំ២០២៥ ដែលផ្តោត​លើ  «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» ព្រោះពិតជាមានសារៈសំខាន់ស្របតាមប្រធានបទសកល និងស្របតាមបរិបទកម្ពុជា​ ដែលបានឆ្លុះបញ្ចាំង និងរំលេចពីតម្លៃរបស់ស្ត្រីនិងក្មេងស្រី ដែលបានតស៊ូ ជំនះរាល់បញ្ហាប្រឈមនានា ចូលរួមប្រកបដោយភាពស្វាហាប់ ក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់កម្រិត ដើម្បី​ទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។ ជាចុងក្រោយ ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា សំណូមពរដល់ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សូមចូលរួមចំណែកជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីលើគ្រប់វិស័យ និងគ្រប់កម្រិត ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយតម្លៃ និងសក្តានុពល ទទួលបាននូវកាលានុវត្តភាព ចូលរួមពេញលេញក្នុងកិច្ចអភិវឌ្ឍសង្គម និងប្រទេសជាតិ។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *