ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

កាលពីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ពិធីមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងលោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាមន្រ្តី ជាន់ខ្ពស់ អញ្ជើញមកពីតាមក្រសួងស្ថាប័នានា និងពីថ្នាក់ក្រោមជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៩០០នាក់។ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ និងគូសបញ្ចាក់ថានៅក្នុងអង្គពិធីថា  «បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គឺបង្កើនភាពអង់អាចដល់គ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះ, ឯកឧត្តមបានបន្ថែមថា ខ្ញុំសូមអនុញ្ញាតប្រើប្រាស់បុព្វសិទ្ធិដ៏កម្រ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំ២០២៥ នេះ ដើម្បីប្រកាសជាឱឡារឹក ចំពោះស្ត្រីគ្រប់រូបនៅទីនេះ និងចំពោះស្រ្តីនៅជុំវិញពិភពលោកថា «អ្នកគឺ មានអំណាច (You are powerful) ហើយអ្នកក៏មានសមត្ថភាព (You are capable) ផងដែរ ហើយយើងនឹងបន្តរួមគ្នា ដើម្បីបង្កើតពិភពលោកមួយដែលស្ត្រី និងក្មេងស្រីគ្រប់រូប អាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងក្នុងសេរីភាព ហើយមានឱកាសច្រើន ដូចគ្នាស្មើនឹងបុរស ដោយគ្មានការរើសអើង និងការរឹតត្បិត ឬឧបសគ្គរារាំងអ្វីទាំងអស់»។

លោកជំទាវកិត្តបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី ក៏បានលើកឡើងថា ព្រឹត្តិការណ៍ នាថ្ងៃនេះ គឺជាការជួបជុំគ្នា ក្នុងអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីឆ្លុះបញ្ជាំង និងបង្ហាញថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងស្រ្តី និងក្មេងស្រី បាននិងកំពុងទទួលបាន និងអនុវត្តសិទ្ធិ ដោយសមភាព មានសមត្ថភាពនិងឆន្ទៈខ្ពស់ សំដៅចូលរួមកសាងកម្ពុជា ដែលមានភាពរឹងមាំ ធន់ បរិយាបន្ន និងប្រកបដោយបុរេសកម្ម ។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *