សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»
កាលពីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងកិច្ចការនារី។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ មន្រ្តីជាប់កិច្វសន្យា និងមន្រ្តីចូលនិវត្តន៍ ក្រសួងកិច្ចការនារី លោកជំទាវសមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត លោកស្រីអភិបាលរងរាជធានី ខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តចំនួនប្រមាណជាង ៥១៩នាក់។
ក្នុងពីធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេស ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងអភិបាលកិច្ច ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្មនូវអនុសាសន៍គន្លឹះមុតស្រួចទាំង៨ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបាន សំណូមពរដល់ក្រសួងកិច្ចការនារី បន្តខិតខំប្រឹងប្រែងជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី តាមរយៈ កិច្ចសហការជាមួយក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងសង្គមសុីវិលទាំងអស់ ក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាការពារផ្លូវច្បាប់ សេវាសង្គម ការពង្រឹង និងបង្កើនចំណេះដឹង ជំនាញវិជ្ជាជីវៈ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំសីលធម៌ សុជីវធម៌ជូនបុរស ស្រ្តី និងកុមារ ព្រមទាំង ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយភាពថ្លៃថ្នូរ និងសក្តានុពលចូលរួមពេញលេញក្នុងកិច្ចអភិវឌ្ឍសង្គម និងប្រទេសជាតិ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកជំទាវកិត្តបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី ក៏បានលើកឡើងថា ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងកិច្ចការនារីនាថ្ងៃនេះ គឺរៀបចំឡើងក្នុងគោលបំណងគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រសម្រាប់ការជម្រុញកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍសង្គម។



